ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៤ សីហា ២០២៣នេះ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីកងកម្លាំងចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ និងអភិបាលខណ្ឌទាំង១៤។
ឯកឧត្ដម ឃួង ស្រេង បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះកងកម្លាំង និងអាជ្ញាធរដែនដីទាំង ១៤ខណ្ឌ ដែលបានយកអស់កម្លាំងកាយចិត្តក្នុងកិច្ចការពារសន្តិសុខ សណ្ដាប់ធ្នាប់ នៅក្នុងពេលបោះឆ្នោតកន្លងមកនេះបានយ៉ាងល្អ ហើយកិច្ចការងារនេះ ឯកឧត្ដម សុំឱ្យកងកម្លាំងក៏ដូចជាអាជ្ញាធរ ត្រូវបន្តការយកចិត្តទុកដាក់បន្ថែមទៀត។
ឯកឧត្ដមអភិបាលខេត្ត បានបន្តទៀតថា នៅថ្ងៃទី២១ និង២២ ខែសីហាខាងមុខនេះ យើងនឹងមានព្រឹត្តិការណ៍ធំៗចំនួន០២ នោះគឺការប្រជុំសភា និងការស្បថចូលកាន់តំណែងសម្រាប់រាជរដ្ឋាភិបាលថ្មី។ ដូច្នេះទេ ឯកឧត្តម បានស្នើអោយសមត្ថកិច្ចប៉ូលីសរៀបចំផែនការ ការពារសន្តិសុខឱ្យបានល្អប្រសើរបំផុត។
ឯកឧត្ដម ក៏បានបញ្ជាក់បន្តថា ក្នុងនាមកងកម្លាំង និងអាជ្ញាធរ ត្រូវជម្រុញកិច្ចការពារសន្តិសុខ សណ្តាប់ ជាមួយនឹងការរិតបន្តឹង ការពិនិត្យជាតិអាកុលនៅក្នុងមូលដ្ឋានអោយបានជាប់ជាប្រចាំ។ ជាមួយគ្នានោះ ការបង្ការគ្រោះអគ្គីភ័យ ក៏ជារឿងមួយដែល ឯកឧត្ដម ឃួង ស្រេង ជម្រុញអោយកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ផងដែរ។
ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ផងដែរថា សម្រាប់ថ្ងៃទី២១ និង២២ ខែសីហា ខាងមុខនេះ អាជ្ញាធរ និងអភិបាលខណ្ឌទាំង១៤ ដែលមានរដ្ឋសភា និងបរមរាជវាំងនៅក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវតែរៀបចំសណ្ដាប់ធ្នាប់ អនាម័យបរិស្ថាន អោយបានល្អជាមួយនឹងការរក្សាអោយបាននូវសន្តិសុខខ្ពស់បំផុត នៅទីតាំងទាំង២នេះ៕