ឯកឧត្តម វ៉ាង យី (Wang Yi) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់កម្ពុជាជាច្រើនដង ហើយជារៀងរាល់ដងពេលមកដល់កម្ពុជា បានឃើញកម្ពុជា ជាពិសេសរាជធានីភ្នំពេញ មានការផ្លាស់ប្ដូរយ៉ាងរស់រវើក ហើយពេលនេះ ជាសក្ខីភាពបញ្ជាក់ថាទីក្រុងភ្នំពេញបានក្លាយទៅជាទីក្រុងពាណិជ្ជកម្មយ៉ាងទំនើប ។
ឯកឧត្តម វ៉ាង យី បានសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ដោយបានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម មកកាន់កម្ពុជានាពេលនេះគឺដើម្បីបញ្ជាក់ជាថ្មីម្តងទៀតថាចិនគាំទ្រកម្ពុជា ហើយមានជំនឿថាក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិននឹងរីកចម្រើនឡើងកាន់តែធំធាត់ហើយជាពិសេស កម្ពុជានឹងកាន់តែមានភាពរុងរឿងឡើងថែមទៀត។
សូមជម្រាបថា ឯកឧត្តម វ៉ាង យី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣។ ដំណើរទស្សនកិច្ចនាពេលខាងមុខនេះប្រព្រឹត្តទៅ ស្របពេលជាមួយនឹងការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ឆ្នាំ នៃទំនាក់ទំនងការទូត និងឆ្នាំមិត្តភាពរវាងកម្ពុជានិងចិន។ ដំណើរទស្សនកិច្ចនេះ នឹងរួមចំណែកបន្ថែមទៀតក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ពង្រឹងសហគមន៍វាសនារួមប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្ដង់ដារខ្ពស់ លើកកម្ពស់ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាតំបន់និងអន្តរជាតិ ដើម្បីជាផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រទេសនិងប្រជាជនទាំងពីរ៕
អត្ថបទ៖ អក្ខរា