សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាង យី (Wang Yi) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។
នៅក្នុងជំនួបថ្ងៃនេះ ឯកឧត្តម វ៉ាង យី បានគោរពពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីឯកឧត្តមប្រធានាធិបតីចិន ស៊ី ជិនពីង, ឯកឧត្តម នាយករដ្ឋមន្ត្រីចិន លី ជាំង និងថ្នាក់ដឹកនាំចិនមួយចំនួនទៀតដល់សម្ដេចតេជោ។
ឯកឧត្តម វ៉ាង យី បានគោរពជម្រាបជូនសម្ដេចថា ឯកឧត្តមមកកាន់កម្ពុជាជាច្រើនដង ហើយជារៀងរាល់ដងពេលមកដល់កម្ពុជា បានឃើញកម្ពុជា ជាពិសេសរាជធានីភ្នំពេញ មានការផ្លាស់ប្ដូរយ៉ាងរស់រវើក ហើយពេលនេះ ជាសក្ខីភាពបញ្ជាក់ថាទីក្រុងភ្នំពេញបានក្លាយទៅជាទីក្រុងពាណិជ្ជកម្មយ៉ាងទំនើប ។
ឯកឧត្តម វ៉ាង យី ក៏បានបង្ហាញនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ និងគណបក្សប្រជាជនកម្ពុជាដែលបានទទួលការគាំទ្រក្នុងពេលបោះឆ្នោតកន្លងទៅពីប្រជាជនលើសពី ៨០%។ ឯកឧត្តម បានមានប្រសាសន៍ថា ប្រទេសជាច្រើនបានមកសង្កេតការណ៍ការបោះឆ្នោតនៅកម្ពុជា ហើយបានឃើញថា ការបោះឆ្នោតដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ គឺប្រកបដោយយុត្តិធម៌ តម្លាភាព និងស្របច្បាប់ ដែលប្រជាជនជាង ៨០% បានទៅបោះឆ្នោត។ នេះសរបញ្ជាក់ឱ្យឃើញថាប្រជាជនកម្ពុជាបានប្រើប្រាស់សិទ្ធិពេញលេញទៅបោះឆ្នោត ដែលមានចំនួនជាង ៨០% បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីដឹកនាំប្រទេសបន្តទៀត។ ការទទួលបានទំនុកចិត្តនិងការគាំទ្រពីប្រជាជនគឺជាកត្តាដ៏សំខាន់បំផុត។
ជាមយយគ្នានេះដែរ ឯកឧត្តម វ៉ាង យី បានសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ដោយបានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម មកកាន់កម្ពុជានាពេលនេះគឺដើម្បីបញ្ជាក់ជាថ្មីម្តងទៀតថាចិនគាំទ្រកម្ពុជា ហើយមានជំនឿថាក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិននឹងរីកចម្រើនឡើងកាន់តែធំធាត់ហើយជាពិសេស កម្ពុជានឹងកាន់តែមានភាពរុងរឿងឡើងថែមទៀត។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម វ៉ាង យី ដែលបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខអំពីប្រធានាធិបតីចិន ស៊ី ជិនពីង, នាយករដ្ឋមន្ត្រីចិន ឯកឧត្តម លី ជាំង និងថ្នាក់ដឹកនាំចិនជាច្រើនទៀត។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះឯកឧត្តម វ៉ាង យី ផងដែរចំពោះពាក្យពេចន៍ដ៏ល្អនិងជាពិសេសការគាំទ្រដ៏ធំធេងរបស់មិត្តចិន ។ សម្ដេចតេជោ ក៏បានមានប្រសាសន៍ផងដែរថា ប្រជាជនកម្ពុជាបានដឹងជាមុនហើយថានឹងមានការផ្លាស់ប្ដូរមុនពេលបោះឆ្នោតដែលចំនួនគាំទ្រមានរហូតដល់ទៅ ៨៤% គឺជាការអបអរសាទរដ៏ច្រើនបំផុតពីប្រជាពលរដ្ឋខ្មែរចំពោះសម្តេចផ្ទាល់ និងចំពោះគណបក្សប្រជាជនកម្ពុជា៕