ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជូនដំណឹងដល់ទីភ្នាក់ងារជ្រើសរើសឯកជន និងជាពិសេស បងប្អូនកម្មសិក្សាការី-ពលករជំនាញ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុនទាំងអស់ ឱ្យបានជ្រាបថា ទីភ្នាក់ងារជាតិឧតុនិយមជប៉ុនបានចេញសេចក្តីព្រមានអំពីព្យុះត្រូពិចខាន់ណុន (Khanun) ដែលកំពុងរំកិលខ្លួន មកភាគខាងជើង និងអាចបង្កផលប៉ះពាល់ដល់ផ្នែកនិរតីនៃប្រទេសជប៉ុន ជាពិសេសតំបន់ Kyushu និងតំបន់ Shikoku។ ឥទ្ធិពលព្យុះនេះបានធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅផ្នែកខ្លះនៃតំបន់ Kyushu និង Shikoku ហើយ នឹងអាចបណ្ដាលឱ្យមានភ្លៀងធ្លាក់នៅផ្នែកជាប់មហាសមុទ្រប៉ាស៊ីហ្វិក ការរអិលបាក់ដី ទឹកជំនន់ ខ្យល់កន្ត្រាក់ និងទឹករលកខ្ពស់ៗផងដែរ។
ទន្ទឹមនឹងនេះ មានព្យុះត្រូពិចមួយផ្សេងទៀតឈ្មោះ ឡាន (Lan) កំពុងរំកិលខ្លួន មកប្រទេសជប៉ុន និងត្រូវបានព្យាករណ៍ថានឹងបក់បោកលើភាគខាងលិច និងខាងកើតប្រទេសជប៉ុន ចាប់ពីថ្ងៃចន្ទ ទី១៤ ខែសីហា ឆ្នាំ២០២៣ ផងដែរ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមក្រើនរំលឹកដល់ទីភ្នាក់ងារជ្រើសរើសឯកជនទាំងអស់ បន្តយកចិត្តទុកដាក់ និងណែនាំបងប្អូនកម្មសិក្សាការី-ពលករជំនាញដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេស ជប៉ុន ឱ្យរក្សាសុវត្ថិភាព មានការប្រុងប្រយ័ត្នខ្ពស់ និងបន្តតាមដានស្ថានភាព ព្រមទាំងស្តាប់តាមការណែនាំរបស់ អាជ្ញាធរមូលដ្ឋាន។
ក្នុងករណីទទួលរងផលប៉ះពាល់ ឬទទួលបានព័ត៌មានអំពីបងប្អូនកម្មសិក្សាការី-ពលករជំនាញ ដែលរង ផលប៉ះពាល់ សូមទំនាក់ទំនងអនុព័ន្ធការងារ (ទូរស័ព្ទលេខ +៨១ ៨០ ៧២៨៨ ១៦៨៩) ឬស្ថានទូតកម្ពុជាប្រចាំ ប្រទេសជប៉ុន (ទំព័រ Facebook៖ Royal Embassy of Cambodia in Japan ឬទូរស័ព្ទលេខ +៨១ ៨០ ៤៦៨៩ ៩៣៧៤) ឬនាយកដា្ឋនមុខរបរ និងហត្ថពលកម្ម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ (ទំព័រ Facebook៖ ការិយាល័យរកការងារឱ្យធ្វើនៅបរទេសទី៣-Japan Office ឬទូរស័ព្ទលេខ +៨៥៥ ៨៩ ៩៥៧ ៧៨៩)៕