ប្រទេសកម្ពុជាមានយុវជនច្រើនជាងគេបំផុត បើធៀបនឹងតំបន់អាស៊ីអាគ្នេយ៍។ យុវជនគឺជាកត្តាសំខាន់បំផុតក្នុងការកំណត់នូវកម្លាំងពលកម្មរបស់ជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេស ស្របពេលកម្ពុជាកំពុងស្ថិតក្នុងបរិបទប្រជាសាស្ត្រមួយល្អប្រសើរសម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិបានលឿនជាងមុន ដោយសារមានប្រជាជនក្នុងវ័យធ្វើការច្រើន និងប្រជាជនវ័យក្នុងបន្ទុកតិច។
តាមសារលិខិតបស់រាជរដ្ឋាភិបាលក្នុងទិវាប្រជាជនពិភពលោកលើកទី៣៤ ឆ្នាំ២០២៣ បានឲ្យដឹងថា ចំនួនប្រជាជនវ័យ ១៥-៦០ឆ្នាំ នឹងកើនដល់៦៥ភាគរយនៃប្រជាជនសរុបនិងផលធៀបវ័យក្នុងបន្ទុកសរុបនឹងថយចុះដល់ចំនួន៥៤នាក់ ក្នុងចំណោមប្រជាជនវ័យ១៥-៦០ឆ្នាំ ១០០នាក់ នៅឆ្នាំ២០៤០។ ចំណែកអត្រាមរណភាពកុមារក្រោម៥ឆ្នាំមានការថយចុះខ្លាំង ពី១២៤នាក់ ក្នុង១ពាន់កំណើតរស់នៅឆ្នាំ២០០០ មក១៦នាក់ក្នុង១ពាន់កំណើតរស់នៅឆ្នាំ២០២១-២០២២។ ចំណែកអាយុសង្ឃឹមរស់របស់ប្រជាជនកម្ពុជាវិញមានការកើនឡើងផងដែរគឺ សម្រាប់បុរសអាយុ៧៤.៣ឆ្នាំ និងស្ត្រី៧៦.៨ឆ្នាំ នៅឆ្នាំ២០១៩។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានផ្តល់អនុសាសន៍ថា ដើម្បីចាប់យកឱកាសនៃភាគលាភប្រជាសាស្ត្រដែលកំពុងមាន កម្ពុជាចាំបាច់ត្រូវមានការតម្រង់ទិស គោលនយោបាយតាមវិស័យពាក់ព័ន្ធឱ្យបានសមស្របនិងទាន់ពេល តាមរយៈគោលនយោបាយជាតិប្រជាជន ដែលជាក្របខ័ណ្ឌគោលនយោបាយរួមមួយសម្រាប់តម្រង់ទិសគ្រប់វិស័យ ជាពិសេសការអប់រំនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ការបង្កើតការងារនិងផលិតភាពការងារ ការបង្កើនការវិនិយោគលើវិស័យសុខាភិបាល បច្ចេកវិទ្យាឌីជីថល យេនឌ័រ និងការបង្កើតឱ្យមានកម្មវិធីសន្សំប្រាក់ សំដៅប្រែក្លាយកម្លាំងពលកម្មឱ្យក្លាយទៅជាមូលធនមនុស្ស សម្រាប់ជំរុញការអភិវឌ្ឍប្រទេសឱ្យបានលឿនជាងមុន។
តាមទស្សនៈរបស់ធនាគារពិភពលោក ចេញផ្សាយកាលពីខែមេសា ឆ្នាំ២០២៣ បានលើកឡើងថា កំណែទម្រង់សំខាន់ៗគឺជាការចាំបាច់សម្រាប់ប្រទេសកម្ពុជា ដើម្បីរក្សាចីរភាពកំណើនដែលជួយដល់អ្នកក្រីក្រ, ជំរុញការប្រកួតប្រជែង, ការគ្រប់គ្រងសម្បត្តិធនធានធម្មជាតិប្រកបដោយចីរភាព និងលើកកម្ពស់លទ្ធភាពទទួលបាន និងគុណភាពនៃសេវាសាធារណៈ។ ការជំរុញការវិនិយោគលើធនធានមនុស្សពិតជាចំណុចសំខាន់បំផុត ដើម្បីជួយកម្ពុជាឱ្យឈានទៅសម្រេចបានគោលដៅប្រកដោយមហិច្ឆតារបស់ខ្លួនក្នុងការក្លាយជាប្រទេសមានប្រាក់ចំណូលកម្រិតមធ្យមនៅឆ្នាំ២០៣០៕
អត្ថបទ៖ អក្ខរា