សម្តេចតេជោ ហ៊ុន សែន បានហៅវិទ្យុអាស៊ីសេរី ថាជាវិទ្យុ និងជាមនុស្សអគុណធម៌បំផុតនៅលើលោកនេះ ហើយជាភាពតិរច្ឆានរបស់អស់លោកដែលបម្រើក្នុងវិទ្យុមួយនេះ។ សម្តេចតេជោបានលើកឡើងបែបនេះ ក្នុងសារសំឡេងនៅយប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ ឆ្លើយតបទៅនឹងការផ្សាយរបស់វិទ្យុអាស៊ីសេរី ដែលព្យាយាមញុះញង់ថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាមានការបែកបាក់ផ្ទៃក្នុងទាក់ទងនឹងតំណែងប្រធានរដ្ឋសភាថ្មី។
សម្តេចតេជោបន្តថា “សូមឲ្យអស់លោកវិទ្យុអាស៊ីសេរី ក៏ដូចជាវិទ្យុបរទេសនិយាយភាសាខ្មែរដ៍ទៃទៀតចងចាំឱ្យបានថា គណបក្សប្រជាជនគ្មានទម្លាប់ឈ្លោះគ្នាដណ្ដើមអំណាចគ្នា ដូចដែលពួកអស់លោកធ្លាប់បាននិងកំពុងបាននិងឈានទៅដួលរលំដោយសារតែជម្លោះផ្ទៃក្នុងរបស់អស់លោកនោះទេ”។ បើតាមសម្តេចតេជោ គណបក្សប្រជាជនបានរៀបចំរួចរាល់ហើយអំពីសមាសភាពប្រធានសភា និងសមាសភាពមន្ត្រីជាន់ខ្ពស់នានាផ្សេងទៀត។
សម្តេចក៏អំពាវនាវកុំឲ្យប្រជាពលរដ្ឋរបស់យើងជឿការផ្សព្វផ្សាយអកុសល ហើយសូមឲ្យវិទ្យុនេះបន្តការភូតតទៅទៀត ហើយវាក៏នឹងជាផលប្រយោជន៍ម្យ៉ាងសម្រាប់ការឈ្នះរបស់គណបក្សប្រជាជនកម្ពុជា។ ការឈ្នះរបស់គណបក្សប្រជាជនកម្ពុជា ក៏បានមកពីការភូតភរបស់អស់លោកដែលវាជាការភូតកុហកដោយគ្មានសីលធម៌ គឺជាវិទ្យុនិងជាមនុស្សដែលអគុណធម៌បំផុត នៅលើលោកនេះ ហើយជាភាពតិរច្ឆានរបស់អស់លោកផងដែរ។
គួរកត់សម្គាល់ថា វិទ្យុអាស៊ីសេរី រួមទាំងវិទ្យុនិងវេបសាយព័ត៌មានមួយចំនួនទៀត ត្រូវបានគេមើលឃើញថា ជាឧបករណ៍នយោបាយបម្រើឲ្យក្រុមប្រឆាំង។ ការចេញផ្សាយភាគច្រើនបំផុត គឺទស្សនអវិជ្ជមានដើម្បីធ្វើឲ្យសាធារណជនបាត់បង់ទំនុកចិត្តលើរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា។
ទាំងមុននិងក្រោយការបោះឆ្នោត វិទ្យុ និងបុគ្គលបម្រើការក្នុងអង្គភាពទាំងនោះ ដែលត្រូវបានគាំទ្រដោយផ្ទាល់ពីរដ្ឋាភិបាលបរទេសបានចាក់ផ្សាយព័ត៌មានឆ្គឹះឆ្កៀល លម្អៀង បំពានលើក្រមសីលធម៌វិជ្ជាជីវៈប្រព័ន្ធផ្សព្វផ្សាយ។ “ពួកគេគឺជាឧបករណ៍នយោបាយ បម្រើអត្ថប្រយោជន៍គណបក្សប្រឆាំង និងភាគច្រើននៃព័ត៌មានរបស់ពួកគេមានលក្ខណៈប្រឌិតនិងបោកបញ្ឆោត”។ នេះជាការលើកឡើងរបស់អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្រ្តី កាលពីពេលកន្លងទៅ៕
អត្ថបទ៖ អក្ខរា