អ្នកនាង គង់ សុជាតិ មានលាភផ្ទួនៗក្រោយពីលោក ជា វិបុល ត្រូវបានតែងតាំងជាជំនួយការ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន

ពិធីការិនី គង់ សុជាតិ ញញឹមបិទមាត់មិនជិតឡើយ ក្រោយពីលោក ជា វិបុល ដែលជាស្វាមីត្រូវបានតែងតាំងជាជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន មានឋានៈស្មើអគ្គនាយករង ។ បន្ទាប់ពីមានដំណឹងល្អបែបនេះមិត្តភក្តិទាំងក្នុងនិងក្រៅសិល្បៈបានផ្ញើសារអបអរអ្នកនាង គង់ សុជាតិ និង និងលោក ជា វិបុល គ្រប់ៗគ្នា ។

បើតាមអនុក្រឹត្យតែងតាំងមន្រ្ដីរាជការចុះថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ នោះលោក ជា វិបុល ត្រូវបានតែងតាំង​ជាជំ​នួយការសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី​នៃ​ព្រះ​រាជាណាចក្រកម្ពុជា មានឋានៈស្មើ​អគ្គនាយករង​។

មួយរយៈពេលចុងក្រោយនេះពិធីការិនី គង់ សុជាតិ ពិតជាមានលាភមានសំណាងខ្លាំងណាស់ ក្រៅពីកូនស្រីចេញទៅទទួលមេដាយនៅក្រៅប្រទេសហើយ ថែមទាំងមានគម្រោងបើកសម្ពោធសាខាហាងថ្មីមួយក្នុងពេលឆាប់ៗផងដែរ ហើយពេលនេះស្វាមីខ្លួនបានឡើងធំទទៀត កាន់តែធ្វើឱ្យនាងរំភើបចិត្ត ដើរញញឹមប្រកបដោយក្តីសុខបំផុត ។ 

អ្នកនាង គង់ សុជាតិ បាននិយាថា ជីវិតនាងមិនប្រាថ្នាអ្វីច្រើនទេ សំខាន់គ្រួសារមានសុភមង្គល និងមានរឿងល្អៗកើតឡើង ។

អ្នកនាង គង់ សុជាតិ បានរៀបការជាមួយលោក ជា វិបុល ជា ១០ ឆ្នាំហើយ ហើយទទួលបានចំណងដៃកូនស្រីម្នាក់ ។ អ្នកទាំងពីរមានគម្រោងនឹងយកកូនម្នាក់បន្ថេមទៀតដែរ ប៉ុន្តែក្រោយពីមានរឿងអាស្រូវចម្រុងចម្រាស់ជាមួយគ្នាកាលពីប៉ុន្មានឆ្នាំមុន បានធ្វើឱ្យអ្នកនាង គង់ សុជាតិ ឈប់គិតគូរឿងយកកូន និងព្យាយាមធ្វើការងារតាមស្វាមី និងដើរក្បែរគ្នាគ្រប់ជំហាន ដើម្បីកុំឱ្យមានការថ្លោះធ្លាយ ដូចមុន ៕