ក្រសួងអប់រំ យុវជន និងកីឡា ក្រោមគាំទ្រដោយធនាគារអភិវឌ្ឍអាស៊ី បានរៀបចំសិក្ខាសាលាស្ដីពី ការបំប៉នគ្រូបង្គោលលើការអនុវត្តកម្មវិធីសាលារៀនគំរូ (SBM) ពីថ្ងៃទី០៧-១១ ខែសីហា ឆ្នាំ២០២៣។
ឯកឧត្តម ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជានាយកគ្រប់គ្រងគម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិ បានកោតសរសើរដល់ថ្នាក់ដឹកនាំក្រសួង ក្រុមការងារគាំទ្រសាលារៀន ក៏ដូចជាថ្នាក់ដឹកនាំ និងមន្ត្រីអនុវត្តគម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២ ទីប្រឹក្សាគម្រោង VSO អង្គការ KAPE ដែលបានប្រឹងប្រែងអនុវត្តការងារកន្លងមក ជាមួយការសម្រេចបានលទ្ធផលដោយវិជ្ជមាន និងបានធ្វើឱ្យវិស័យអប់រំមានការអភិវឌ្ឍជាបន្តបន្ទាប់ និងបានវាយតម្លៃខ្ពស់លើការសម្រេចសមិទ្ធផលជាច្រើន ការអភិវឌ្ឍនៅវិទ្យាល័យធនធាន ជាពិសេសលើការពង្រឹងសមត្ថភាពគ្រូបង្រៀនផ្នែកវិទ្យាសាស្ត្រ ការពង្រឹងការអនុវត្តការសិក្សាផ្នែកវិទ្យាសាស្ត្រ ស្ទែម ICT និងការតម្រង់ទិសវិជ្ជាជីវៈស្របតាមទីផ្សារការងារ មុខរបរ និងបំណិនសតវត្យទី២១។
ឯកឧត្ដមបានអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់ ក្រុមការងារគាំទ្រសាលារៀន ក្រុមការងារគម្រោង ទីប្រឹក្សាគម្រោង VSO KAPE មន្ទីរអប់រំ យុវជន និងកីឡា លោក លោកស្រីជាថ្នាក់ដឹកនាំសាលារៀន និងអ្នកពាក់ព័ន្ធផ្សេងទៀតចូលរួមគាំទ្រ និងប្រឹងប្រែងបន្ថែមទៀតលើការអនុវត្តការងាររបស់ខ្លួន ក្នុងស្មារតីទទួលខុសត្រូវ និងការប្តេជ្ញាចិត្តខ្ពស់ ដើម្បីរួមគ្នាធ្វើឱ្យលទ្ធផលសិក្សារបស់សិស្សកាន់តែប្រសើរឡើង ស្របតាមគោលដៅអប់រំជាតិ សិស្សមាននូវវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា មានគុណធម៌ និងសីលធម៌ល្អ ដែលជាធនធានមនុស្ស និងមូលធនមនុស្ស ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។
ឯកឧត្ដមបានលើកទឹកចិត្ត និងគាំទ្រឱ្យសាលារៀនកំណត់អាទិភាព និងអនុវត្តការងារ ដោយមានការទទួលខុសត្រូវខ្ពស់ និងការចូលរួមយ៉ាងសកម្ម។ ជាមួយនេះ សាលារៀនត្រូវកំណត់បាននូវស្ថានភាពការអប់រំរបស់ខ្លួនឱ្យច្បាស់លាស់ តាមរយៈការធ្វើតេស្តស្តង់ដា ដើម្បីស្វែករកសមត្ថភាពពិតប្រាកដរបស់សិស្ស និងជួយសិស្សឱ្យទាន់ពេលវេលា និងរៀបចំផែនការអភិវឌ្ឍន៍សាលារៀន ថ្នាក់រៀន ដោយមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធ និងឆ្លើយតបទៅនឹងត្រូវការរបស់សាលារៀន។
ជាងនេះទៀត ពង្រឹងសមត្ថភាពគ្រូបង្រៀនលើការប្រើប្រាស់វិធីសាស្ត្របង្រៀនបែបទំនើប (ការបង្រៀន និងរៀនបែបស្ទែម) ផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែង និងដឹកនាំសិស្សទៅអនុវត្តនៅបន្ទប់ពិសោធន៍វិទ្យាសាស្ត្រ ដែលគម្រោងបានបំពាក់ និងបំប៉ន៕