ប៉ុន្មានថ្ងៃមុនតារាចម្រៀង ស៊ឹម ថៃណា បានឡាយវិដេអូស្រក់ទឹកភ្នែករៀបរាប់ពីទំហំនៃការឈឺចាប់ក្នុងចិត្តឱ្យមហាជនដឹងលឺពីការជេរប្រមាថ និងប្រើពាក្យសម្តីមិនល្អពីសំណាក់បុរសម្នាក់ក្នុងអំឡុងពេលដែលនាងបំពេញការងារនាពេលរាត្រីនៅភោជនីយដ្ឋានមួយកន្លែង ។ ភ្លាមៗ ស៊ឹម ថៃណា ក៏បាននិយាយជាសាធារណៈថា « អ្នកធ្វើការពេលរាត្រី (PR អ្នកចម្រៀង DJ នារីប្រម៉ូតស្រាបៀរ អ្នករត់តុ ) មិនមែនជាស្រីសំភឹងទេ សូមឱ្យតំលៃលើស្រ្តីផង » ។ ជាមួយគ្នានេះអ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាប្រធានសមាគមសិល្ប ករខ្មែរ ក៏បានចេញមុខប្រកាសក្តែងទុកពេលឱ្យបុគ្គលនោះរយៈពេល ២៤ ម៉ោង ដើម្បីមកដោះស្រាយរឿងនេះ ។
បន្ទាប់ពីឃើញ ស៊ឹម ថៃណា ទ្រហយំរៀបរាប់នៅលើហ្វេសប៊ុកខ្លួនបែបនេះ បានធ្វើឱ្យ មហាជនក៏ដូចជាមិត្តសិល្បករជាច្រើនមានការជ្រួលច្របល់ ហើយម្នាក់ៗបានផ្ញើសារលើកទឹកចិត្តនាងគ្រប់ៗគ្នា ។ តែអ្វីដែលហួសចិត្តនោះ គឺចាប់តាំងពីមានរឿងរ៉ាវកើតឡើងមក បុគ្គលដែលជេរប្រមាថ និងប្រើពាក្យអសរសចំពោះ ស៊ឹម ថៃណា នៅពុំទាន់ចេញមុខសុំទោសនាងជាសាធារណៈនៅឡើយទេ រហូតធ្វើឱ្យអ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករ ខ្មែរ ក្តៅចិត្តខ្លាំង ដល់ថ្នាក់ចេញសារមួយនៅលើ ហ្វេសប៊ុក ខ្លួន ។
តាមរយៈសារនោះអ្នកនាង ចន ច័ន្ទលក្ខិណា បានរៀបរាប់ថា « មកដល់ម៉ោងនេះហើយជនដែលជេរប្រមាថប្អូនស្រី ស៊ឹម ថៃណា នៅមិនទាន់ទាក់ទងមកសួររឿងហេតុ ហើយមិនអើពើនិងការមកសុំទោសប្អូនស្រីនៅចំពោះមុខទេ ដូច្នេះក្នុងនាមនាងខ្ញុំជា ប្រធានសមាគមសិល្បករខ្មែរ ខ្ញុំសូមប្រកាសទុកពេលអោយបុគ្គលនោះរយះពេល 24ម៉ោង ចាប់ពីម៉ោង 2រសៀលនេះរហូតដល់ម៉ោង 2រសៀលថ្ងៃស្អែក បើជននោះនៅមិនអើពើទៀត នាងខ្ញុំ និង ប្អូនស្រី ស៊ឹម ថៃណា និងស្នើរទៅម្ចាស់ភោជនីយដ្ឋានដើម្បីសុំយករូបជននោះពី Camera សុវត្ថិភាពមកបង្ហាញមុខជាសាធារណះ ហើយ នាងខ្ញុំ និងជូនប្អូនស្រីទៅជួបលោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារីដើម្បីស្នើសុំជំនួយផ្នែកច្បាប់ » ។ សិល្បករសិល្បការិនី ជាច្រើនបានចូលរួមគាំទ្រអ្នកនាង ចន ច័ន្ទលក្ខិណា ដើម្បីស្វែងរកយុត្តធម៌សម្រាប់តារាចម្រៀង ស៊ឹម ថៃណា ។
ក្រឡេកមកមើលតារាចម្រៀង ស៊ឹម ថៃណា វិញ នាងកាន់តែមានភាពកក់ក្តៅចិត្ត នៅពេលដែលទទួលបានការយកចិត្តទុកដាក់ពីមិត្តភក្តិនិងអ្នកគាំទ្រនៅជុំវិញខ្លួន ។ ស៊ឹម ថៃណា ថែមទាំងបាននិយាយថា នាងមិនត្រូវការសំណងជាប្រាក់កាសនោះទេ អ្វីដែលនាងត្រូវការគឺនាងចង់បានកិត្តិយសរបស់ខ្លួនមកវិញ ជាមួយនិងការសុំទោសជាសាធារណៈ ។
រយៈពេលជាង ២០ ឆ្នាំមកនេះ ស៊ឹម ថៃណា មិនដែលទទួលបានការប្រមាថមើលងាយពីនរណាម្នាក់ទេ បើទោះបីជានាងធ្វើការងារនាពេលរាត្រី ដើម្បីរកប្រាក់ចិញ្ចឹមជីវិត ប៉ុន្តែនាងក៏មានកិត្តិយសមុខមាត់របស់ខ្លួនដែរ ៕