មកទល់ពេលនេះតារាសម្តែងសិចស៊ី ឈិន សៀវម៉ី នៅតែមិនទាន់ក្លាហានក្នុងការបង្ហាញមុខគូស្នេហ៍ខ្លួនឱ្យមហាជនស្គាល់ បើទោះបី ជានាងនិងគូស្នេហ៍បានស្រឡាញ់គ្នាជាយូរឆ្នាំមកហើយក្តី ។
ថ្មីៗនេះតារាសម្តែង ឈិន សៀវម៉ី បានបង្ហាញពីអារម្មណ៍ប្លែកៗ និង រូបភាពមួយចំនួនទៅដើរកម្សាន្ត និងញុំាអាហារជាមួយគូស្នេហ៍នៅក្នុងហាងទំនើបៗជាច្រើន ប៉ុន្តែ ឈិន សៀវម៉ី មិនបានបង្ហាញមុខមាត់ពិតបុរសដែលនៅក្បែរខ្លួននោះទេ នាងបានត្រឹមតែបង្ហាញដៃ និង និង អារម្មណ៍ដែលមានអ្នកនៅក្បែរតែប៉ុណ្ណោះ ។ បន្ទាប់ពីឃើញសកម្មភាព ឈិន សៀវម៉ី បែបនេះបានធ្វើឱ្យមិត្តិភក្តិក៏ដូចជាអ្នកគាំទ្រជាច្រើន ឆ្ងល់ និង ចង់ឃើញមុខមាត់ពិតរបស់គូស្នេហ៍នាង ។
ជួបជាមួយតារាសម្តែងសិចស៊ី ឈិន សៀវម៉ី នាពេលកន្លងមក នាងសុំមិននិយាយពីរឿងគូស្នេហ៍ ដោយសាររឿងនោះមិនទាន់ចេញជាផ្លូវការ នាងថាបើទំនាក់ទំនងនាងនិងគូស្នេហ៍ពិតប្រាកដ និងរកពេលវេលាល្អបានហើយ នាងនឹងប្រកាសឱ្យមហាជនដឹងលឺគ្រប់ៗគ្នា ។ នាងសង្ឃឹមថាបំណងប្រាថ្នាធំរបស់ខ្លួននឹងបានសម្រេចក្នុងពេលឆាប់ៗ ។
បំណងប្រាថ្នាធំរបស់តារាសម្តែងសិចស៊ី ឈិន សៀវម៉ី គឺនាងចង់បង្កើតគ្រួសារតូចមួយ ហើយនាងនឹងចាកចេញពីវិថីសិល្បៈ ដើម្បីធ្វើជាស្រ្តីមេផ្ទះវិញ ។ បើតាមប្រភពព័ត៌មានដែលស្គាល់គ្នាជាមួយ ឈិន សៀវម៉ី បានបង្ហើបប្រាប់ថា គូស្នេហ៍ ឈិន សៀវម៉ី មិនត្រឹមតែជាបុរសសង្ហារ នៅលីវ ប៉ុណ្ណោះទេ គេគឺជាអ្នករកស៊ី មានទ្រព្យច្រើនគួរសម ដូច្នេះហើយទើប ឈិន សៀវម៉ី មិនហ៊ានបង្ហាញមុខគូស្នេហ៍ឱ្យគេស្គាល់ ខ្លាចមានអ្នកឆក់យកគូស្នេហ៍នាងទៅបាត់ ។
ត្រឡប់មកការងារសិល្បៈវិញ ឈិន សៀវម៉ី នៅពុំទាន់មានស្នាដៃថ្មីណាមួយបង្ហាញទស្សនិកជននៅឡើយទេ បន្ទាប់ពីមានវត្តមាននៅក្នុងរឿង « សង្រ្គាមមហិច្ឆតា » ដែលបានចាក់បញ្ចាំងនៅក្នុងស្ថានីយ៍ទូរទស្សន៍មួយនាពេលកន្លងនេះ ។ ឈិន សៀវម៉ី បានប្រាប់ថា សម្រាប់នាង ការងារសម្តែងនៅក្នុងឆ្នាំនេះគឺមានការរយាលជាងមុនច្រើន ពី ព្រោះក្នុងមួយឆ្នាំនាងទទួលថតតែពីររឿងប៉ុណ្ណោះ ដើម្បីមានពេលវេលាទៅពង្រឹងការងាររកស៊ីវិញ ៕