ឯកឧត្តម លី ស៊ានឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ បានផ្ញើសារអបអរសាទរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។ នេះបើយោងគេហទំព័រក្រសួងការបរទេសសឹង្ហបុរី ចេញផ្សាយនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣។
ឯកឧត្តម បានលើកឡើងថា «ខ្ញុំសូមអបអរសាទរចំពោះជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតសកលឆ្នាំ២០២៣នេះ។ លទ្ធផលបោះឆ្នោតសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ពីការបន្តគាំទ្រចំពោះភាពជាអ្នកដឹកនាំ និងចក្ខុវិស័យរបស់ សម្តេចនាយករដ្ឋមន្រ្តី សម្រាប់អនាគតរបស់ប្រទេសកម្ពុជា។ សូមសម្តេចទទួលយកការជូនពរដ៏ល្អបវរពីខ្ញុំ ស្របពេលដែលសម្តេចសម្រេចចាកចេញពីតំណែងជានាយករដ្ឋមន្រ្តីនៃកម្ពុជា»។
បើតាមនាយករដ្ឋមន្ត្រីសិង្ហបុរី «សិង្ហបុរី និងកម្ពុជា មានទំនាក់ទំនងជាមិត្តភាព និងយូរអង្វែងជាមួយគ្នា ហើយខ្ញុំសូមអរគុណសម្រាប់ការគាំទ្រដ៏រឹងមាំរបស់សម្តេច សម្រាប់ការពង្រឹងចំណង ទ្វេភាគីឱ្យកាន់តែរឹងមាំ។ សម្រាប់កិច្ចសហប្រតិបត្តិការរបស់យើង គឺបានរីកដុះដាលនៅតាមវិស័យយ៉ាងទូលំទូលាយជាច្រើន មកទល់នឹងពេលបច្ចុប្បន្ន។ រីឯការធ្វើពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសយើង គឺកំពុងបន្តរីកចម្រើនទៅមុខ ហើយពួកយើងកំពុងរួមសហការនៅក្នុងវិស័យថ្មីៗទៀតផងដែរ ដូចជាក្រេឌីតកាបូន និងការនាំចេញថាមពលកកើតឡើងវិញជាដើម»។
ទន្ទឹមនេះ នាយករដ្ឋមន្ត្រីសិង្ហបុរីបានបញ្ជាក់ថា ក្រុមការងារឯកឧត្តម និងឯកឧត្តមផ្ទាល់ ទន្ទឹងរង់ចាំបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយសម្តេច ក៏ដូចជាជាមួយនាយករដ្ឋមន្រ្តីថ្មី គឺឯកឧត្ដម ហ៊ុន ម៉ាណែត ដើម្បីជំរុញភាពជាដៃគូសិង្ហបុរី-កម្ពុជា កាន់តែស៊ីជម្រៅខ្លាំងថែមទៀត៕
អត្ថបទ៖ អក្ខរា