ការិយាល័យ KOICA ប្រចាំប្រទេសកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា បានប្រារព្ធពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី “ការលើក កម្ពស់សមត្ថភាព ICT សម្រាប់ការអប់រំនៅមធ្យមសិក្សាបឋមភូមិ” នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគហ៊ុនសែនខេត្តកណ្តាលនៅថ្ងៃទី៤ខែសីហានេះ។
វគ្គបណ្តុះបណ្តាលនេះ គឺជាផ្នែកមួយនៃគម្រោងការកសាងសមត្ថភាពបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការអប់រំនៅមធ្យមសិក្សាបឋមភូមិនៅកម្ពុជា ដែលត្រូវបានអនុវត្តតាំងពីឆ្នាំ២០២១ ជាមួយថវិកាចំនួន៧លានដុល្លារអាមេរិក។ តាមរយៈគម្រោងនេះ គ្រូបង្គោលនិងបុគ្គអប់រំសរុបចំនួន១៥រូបបានបញ្ចប់ថ្នាក់អនុបណ្ឌិតនៅប្រទេសកូរ៉េរយៈពេល ១ ឆ្នាំកន្លះ ចាប់ពីខែកុម្ភៈ ឆ្នាំ ២០២២ ដល់ខែមិថុនា ឆ្នាំ ២០២៣។ នៅក្នុងខែតុលាឆ្នាំនេះ នាយក-នាយិការសាលាគោលដៅចំនួន២០ពីខេត្តកណ្តាល កំពង់ចាម តាកែវ និងព្រៃវែង នឹងត្រូវបានអញ្ជើញអោយចូលរួមសិក្ខាសាលានៅប្រទេសកូរ៉េនាខែវិច្ឆិកា ឆ្នាំ ២០២៣ខាងមុខនេះ។
លោកស្រី Choi Moon-jung ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េបានលើកឡើងថា« ប្រទេសកូរ៉េបានដាក់ការអប់រំជាអទិភាពទី១នៅគ្រប់កាលៈទេសៈទាំងអស់ ហើយសង្ឈឹមថាគម្រោងនេះ នឹងមានផលជៈវិជ្ជមានក្នុងការចូលរួមចំណែកកសាងមូលដ្ឋានគ្រឹះគំនិតឌីជីថល ក៏ដូចជាគាំទ្រដល់ដំណើរការអប់រំនៅប្រទេសកម្ពុជា»។
លោកសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា«រដ្ឋាភិបាលកូរ៉េ និង KOICA ដែលតែងតែគាំទ្រដល់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។ ខ្ញុំជឿជាក់ថា គម្រោងនេះ នឹងចូលរួមពង្រឹងសមត្ថភាពស្នូលរបស់យុវជនកម្ពុជាក្នុងសតវត្សទី២១ ក៏ដូចជាចូលរួមចំណែកលើកកម្ពស់គុណភាពការអប់រំ ICT នៅក្នុងប្រទេសកម្ពុជាផងដែរ»។
ទន្ទឹមនឹងនេះ KOICA កំពុងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាលើគម្រោងជាច្រើនទៀតក្នុងវិស័យអប់រំ ចាប់ពីកំរិតអប់រំមូលដ្ឋានរហូតដល់ឧត្តមសិក្សា។ គម្រោងទាំងនោះមានដូចជា គម្រោងផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងស្រុក គម្រោងបង្កើតមជ្ឈមណ្ឌលធុរកិច្ចថ្មីនៃកម្ពុជា គម្រោងបង្កើតវិស្វកម្មបរិស្ថាន ដើម្បីលើកកម្ពស់ធនធានមនុស្សកម្រិតឧត្តមសិក្សានៅប្រទេសកម្ពុជា និងគម្រោងផ្សេងៗទៀតជាច្រើន៕
អត្ថបទ៖សារេត