សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងជានាយករដ្ឋមន្ត្រី បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ង្វៀន ហ្វូចុង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តវៀតណាម តាមប្រព័ន្ធវីដេអូ កាលពីរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣។
នៅក្នុងជំនួបនេះឯកឧត្តមអគ្គលេខាធិការ ង្វៀន ហ្វូចុង បានអបអរសាទរយ៉ាងកក់ក្ដៅ ចំពោះជ័យជម្នះដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភានឹងបានកោតសរសើរអំពីតួនាទីដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាមគ្គុទេសក៍ដ៏ឆ្នើមដែលបង្ហាញពីការជឿជាក់ និងការគាំទ្រខ្លាំងក្លារបស់ប្រជាជនចំពោះគណបក្សប្រជាជនកម្ពុជា។ ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលកម្ពុជាសម្រេចបានក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហើយជឿ ជាក់ថាកម្ពុជានឹងបន្តទទួលបានជ័យជម្នះថ្មីៗថែមទៀត ក្រោមការដឹកនាំរបស់កណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលថ្មីដែលដឹកនាំដោយលោកបណ្ឌិត ហ៊ុន ម៉ាណែត។
ឯកឧត្តម អគ្គលេខាធិការ ក៏បានសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹងនូវដំណើរការកសាង និងអភិវឌ្ឍប្រទេសកម្ពុជា ព្រមទាំងប្តេជ្ញារួមគ្នារក្សាពូនផ្តុំ និងបង្កើនទំនាក់ទំនងដ៏ល្អប្រសើរ រវាងគណបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។
សម្ដេចតេជោប្រធានគណបក្ស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោក ង្វៀន ហ្វូចុង ដែលបានផ្ញើលិខិតអបអរសាទរ និងជូនពរតាមទូរស័ព្ទ ចំពោះសម្ដេចតេជោ និងគណបក្សប្រជាជនកម្ពុជា ដែលបានទទួលជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិការទី៧ ឆ្នាំ២០២៣ ដែលជាសន្តិភាព នៃសាមគ្គីភាព និងការតភាពដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការប្រយ ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរ។
សម្ដេចតេជោ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេង ដែលប្រជាជនវៀតណាមសម្រេចបានជាបន្តបន្ទាប់ក្រោមការដឹកនាំរបស់គណបក្សកម្មុយនិស្តវៀតណាម ក្រោមការដឹកនាំ របស់លោក ង្វៀន ហ្វូចុង ជាអគ្គលេខាធិការ បាននាំមកនូវការរីកចម្រើនឥតឈប់ឈរក្នុងការ អភិវឌ្ឍសេដ្ឋកិច្ច-សង្គមព្រមទាំងបានលើកកម្ពស់កិត្យាខុភាព នឹងតួនាទីកាន់តែមានសារៈសំខាន់របស់វៀតណាមក្នុងវេទិកាជាតិ និងអន្តរជាតិ។
សម្ដេចតេជោ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម អគ្គលេខាធិការដែលបានសម្តែងអំពីការជឿជាក់ និងគាំទ្រយ៉ាងមុះមុតរបស់វៀតណាម ចំពោះគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលថ្មីដែលនឹងដឹកនាំដោយលោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីថ្មីដែលទទួលបានសម្លេងឆ្នោតគាំទ្រយ៉ាងច្រើនលើសលុបពីប្រជាជនកម្ពុជា។
ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងប្រកបដោយផ្លែផ្កា ទាំងនៅក្រុងក្របខ័ណ្ឌបក្សនិងងរដ្ឋាភិបាល ទោះបីស្ថិតក្នុងស្ថានការណ៍ពិភពលោកមានការប្រកួតប្រជែងភូមិសាស្ត្រនយោបាយដែលមានលក្ខណ:កាន់តែស្រួចស្រាល់ មិនប្រាកដប្រជា (ដូចជាការទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងនៃជំងឺកូវីដ-១៩ និងបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជនទាំងពីរ ដោយផ្អែកលើស្មារតីភាពជាអ្នកជិតខាងល្អមិត្តភាពជាប្រពៃណីកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង។
ថ្នាក់ដឹកនាំទាំងពីរបានផ្ដល់សារៈសំខាន់ចំពោះសាមគ្គីភាព និងការជួយគ្នាទៅវិញទៅមកដោយប្រពៃណីដែលជាកត្តាចាំបាច់បំផុត ក្នុងបុព្វហេតុនៃការបង្រួបបង្រួមជាតិ បូរណភាពទឹកដី និងការំដោះប្រជាជន ព្រមទាំងការកសាង និងអភិវឌ្ឍប្រទេសទាំងពីរ។
ទន្ទឹមនេះដែរថ្នាក់ដឹកនាំទាំងពីរ បានសង្កត់ធ្ងន់លើសារៈប្រយោជន៍ក្នុងការបណ្ដុះបណ្តាលយុវជនបន្តវេន ដើម្បីវៀនសូត្រ និងដកស្រង់បទពិសោធន៍គ្នាទៅវិញទៅមក ជាពិសេសការបញ្ជ្រាបការយល់ដឹងអំពីសច្ចភាពប្រវត្តិសាស្រ្ត ដែលនឹងរួមចំណែកដល់ការបន្តពូនជ្រុំទំនាក់ទំនងមិត្តភាពដ៏រឹងមាំរវាងប្រទេសទាំងពីរ។
ភាគីទាំងពីរក៏បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌពហុភាគីរួមមាន អ.ស.ប និងអាស៊ាន ព្រមទាំងបន្តលើកកម្ពស់កិច្ចសហការជិតស្និទ្ធជាមួយគ្នា ជាពិសេសក្របខណ្ឌបីប្រទេស កម្ពុជា-វៀតណាម-ឡាវ និងកិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គ ដែលនឹងរួមចំណែកដល់សន្ដិភាព ស្ថិរភាព និងវិបុលភាព។
នៅចុងបញ្ចប់សម្តេចតេជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញលោក ង្វៀន ហ្វូចុង អគ្គលេខាធិការ និងថ្នាក់ដឹកនាំដទៃទៀតនៃបក្សកម្មុយនិស្តវៀតណាម មកប់ពេញទស្សនកិច្ចនៅកម្ពុជាតាមពេលវេលាសមស្រប ទន្ទឹមនោះដែរលោក ង្វៀន ហ្វូចុង បានទទួលយកការអញ្ជើញ និងបានអញ្ជើញសម្ដេចតេជោនាយករដ្ឋមន្ត្រី ប្រធានគណបក្សប្រជាជនកម្ពុជា និងបណ្តាថ្នាក់ដឹកនាំ កម្ពុជាទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម តាមពេលវេលាសមស្របផងដែរ៕