ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា/គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា បានទទួលជួបប្រជុំពិភាក្សាជាមួយក្រុមហ៊ុន Toyota Tsusho Corporation នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា ក្រុមហ៊ុន Toyota Tsusho Corporation កំពុងមានប្រតិបត្តិការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សានកូ ប៉ោយប៉ែត ចាប់តាំងពីឆ្នាំ ២០១៦ រហូតមកដល់បច្ចុប្បន្ន។ ថ្មីៗនេះ ក្រុមហ៊ុន Toyota Tsusho Corporation បាននិងកំពុងពង្រីកសកម្មភាពវិនិយោគរបស់ខ្លួនជាបន្តបន្ទាប់ ដែលក្នុងនោះ នឹងបង្កើតគម្រោងវិនិយោគថ្មីមួយទៀត ក្នុងតំបន់សេដ្ឋកិច្ចពិសេស សានកូ ប៉ោយប៉ែត លើមុខសញ្ញាវិនិយោគ ផលិតប្រព័ន្ធខ្សែភ្លើងសម្រាប់រថយន្ត (Automotive Wire Harness)។
គម្រោងវិនិយោគថ្មី គ្រោងចាប់ផ្តើមដំណើរការនៅខែឆ្នូ ឆ្នាំ២០២៣ ខាងមុខ និងអាចស្រូបយកកម្លាំងពលកម្មប្រមាណ ៨០០ កន្លែងបន្ថែមទៀត។ បច្ចុប្បន្ន កម្មករនិយោជិតកម្ពុជាមួយចំនួន កំពុងទទួលការបណ្តុះបណ្តាលនៅប្រទេសថៃ។ នេះបើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
គួរជម្រាបថា កាលពីវិច្ឆិកា ឆ្នាំ២០២២ ក្រុមហ៊ុន Toyota Tsusho (“Toyota Tsusho”) បានបង្កើតរោងចក្រដំឡើងរថយន្តឈ្មោះ Toyota Tsusho Manufacturing (Cambodia) Co., Ltd., (“TTMC”) នៅកម្ពុជា ជាមួយទឹកប្រាក់វិនិយោគចំនួន ៣៦,៨ លានដុល្លារអាមេរិក។ រថយន្តដែលត្រូវផលិតប្រភេទភីកអាប់ Toyota HILUX, Toyota FORTUNER។ តាមរយៈគម្រោងនេះ ក្រុមហ៊ុន Toyota Tsusho បានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ឧស្សាហកម្មរថយន្ត សេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា៕
អត្ថបទ៖ អក្ខរា